អ្វីដែលយើងធ្វើ

ការបកប្រែសម្ភារៈរបស់លោកដេរេកព្រីនស៍ជាភាសាខ្មែរបានចាប់ផ្តើមនៅឆ្នាំ២០១៥  ផ្ដើមឡើងដោយការបកប្រែពីសេចក្តីបង្រៀនតាមសំបុត្រមួយចំនួន។     ឱកាសដំបូងរបស់យើងដែលបានចែកចាយនូវ   សម្ភារៈទាំងនេះគឺនៅក្នុងកម្មវិធីប្រលងទេពកោសល្យមួយដែលមានអ្នកចូលរួមជាយុវជនចំនួន ៨០០នាក់មានអាយុចន្លោះពី ១៨ដល់ ៣៥ឆ្នាំ។ ការផ្សព្វផ្សាយឈោងចាប់លើកទីពីរ  ត្រូវបានធ្វើឡើងដោយមានអ្នកចូលរួមជាយុវជនចំនួន ១០០០នាក់  ដែលម្នាក់ៗទទួលបានកូនសៀវភៅមួយក្បាលក្រោមចំណងជើងថា ការផ្លាស់ប្តូរមកពីព្រះជាម្ចាស់។  មានការផ្សព្វផ្សាយឈោងចាប់ផ្សេងៗទៀតជាច្រើន ត្រូវបានធ្វើឡើងដើម្បីឈោងចាប់ក្រុមយុវវ័យរាប់រយ  រាប់ពាន់នាក់  ដែលសម្ភារៈរបស់លោកដេរេកព្រីនស៍ត្រូវបានផ្តល់ទៅឱ្យអស់អ្នកដែលចូលរួមទាំងនោះ។

សៀវភៅទាំង ៦ក្បាលរបស់លោកដេរេក ដែលត្រូវបានចងក្រងជា១ក្បាលបញ្ចូលគ្នាដែលមានចំណងជើងថាអំណាចខាងវិញ្ញាណដែលផ្លាស់ប្តូរជីវិត ឥឡូវនេះក៏ត្រូវបានបកប្រែរួចរាល់ហើយដែរ  បូករួមជាមួយនឹងសៀវភៅមួយចំនួន   និងសន្លឹកប័ណ្ណប្រកាស ២៦មុខ   រួមទាំងសន្លឹកប័ណ្ណសម្រាប់យុវជន ៦មុខទៀត   សម្ភារៈទាំងនេះ  នឹងក្លាយជាឧបករណ៍ដ៏អស្ចារ្យសម្រាប់គ្រូគង្វាលជាច្រើន   និងអ្នកដឹកនាំគ្រិស្តបរិស័ទនៅទូទាំងប្រទេស។ មានសិក្ខាសាលាបង្រៀន ៦ដង ក្នុង១ឆ្នាំ ត្រូវបានប្រារព្ធធ្វើឡើងសម្រាប់គ្រូគង្វាល និងអ្នកដឹកនាំក្រុមជំនុំពីរបៀបប្រើប្រាស់សម្ភារៈរបស់ លោកដេរេកព្រីនស៍   ដូច្នេះពួកគេអាចបង្រៀនដល់សមាជិកពួកជំនុំរបស់ពួកគេបាន។