អ្វីដែលយើងជឿ
សេចក្ដីថ្លែងការណ៍នៃជំនឿ
១. ព្រះជាម្ចាស់ ជាព្រះពិតតែមួយហើយមានព្រះជន្មគង់នៅអស់កល្បជានិច្ច ជាបុគ្គលបីអង្គ មានព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់គឺជាវិញ្ញាណ គ្មានទីបញ្ចប់ មានភាពអស់កល្បជានិច្ច មិនអាចផ្លាស់ប្តូរបាន មានពេញដោយសេចក្តីស្រលាញ់ សេចក្តីមេត្តាករុណា អំណាចព្រះចេស្តា និងសេចក្តីសុចរិត។ (អេសាយ ៤៥:២២ ទំនុកដំកើង ៩០:២ យ៉ូហាន ៤:២៤ ២កូរិនថូស ១៣:១៤)។
២. ព្រះអម្ចាស់យេស៊ូគ្រិស្តគឺជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ទ្រង់បានយកនិស្ស័យជាមនុស្សដោយប្រសូតតាមរយៈស្ត្រីក្រមុំព្រហ្មចារី ទ្រង់មានភាពល្អឥតខ្ចោះទាំងភាពជាព្រះរបស់ទ្រង់ និងភាពជាមនុស្សរបស់ទ្រង់។ ទ្រង់បានស្ម័គ្រចិត្តថ្វាយជីវិតរបស់ទ្រង់ជាយញ្ញបូជាគ្រប់ល័ក្ខណ៍ និងសម្រាប់បំពេញសព្វគ្រប់ទាំងអស់ជំនួសអំពើបាបរបស់មនុស្ស តាមរយៈដង្វាយធួននឹងបាបរបស់ទ្រង់នេះ មនុស្សអាចមានសេរីភាពរួចផុតពីការដាក់ទោស ពិរុទ្វភាព និងផលប៉ះពាល់នៃអំពើបាប។ ទ្រង់បានរស់ឡើងវិញពីរូបកាយដែលបានសុគតរបស់ទ្រង់ ជារូបកាយដែលពេញដោយសិរីរុងរឿង ទ្រង់គង់នៅស្ថានសួគ៌ និងអធិស្ឋានទូលអង្វរសម្រាប់ពួកអ្នកជឿ។ ទ្រង់នឹងយាងមកម្តងទៀតនៅក្នុងរូបកាយដ៏រុងរឿងរបស់ទ្រង់ដើម្បីស្ថាបនាព្រះរាជ្យរបស់ទ្រង់។ (ម៉ាថាយ ១:១៨-២៥ យ៉ូហាន ១:១៤ កូឡូស ១:១៣-១៨ ១ពេត្រុស ២:២៤ លូកា ២៤ យេរេមា ៤:១៤ ម៉ាថាយ ២៥:៣១-៤៦)
៣. ព្រះវិញ្ញាណបរិសុទ្ធមានលក្ខណៈជាព្រះស្មើជាមួយនឹងព្រះដ៏ជាព្រះវរបិតា និងព្រះដ៏ជាព្រះបុត្រា។ ទ្រង់ធ្វើឲ្យមានការអស្ចារ្យនៃការកើតជាថ្មី នៅក្នុងអស់អ្នកដែលបានទទួលព្រះគ្រិស្តជាព្រះអង្គសង្រ្គោះហើយឥឡូវនេះទ្រង់គង់នៅក្នុងពួកអ្នកជឿ បានដៅសញ្ញាសំគាល់ទៅលើពួកគេរហូតដល់ថ្ងៃនៃការប្រោសលោះ ទ្រង់ផ្តល់អំណាចដល់ពួកគេ សម្រាប់ការបម្រើ និងផ្តល់អំណោយនៃព្រះគុណ (អំណោយទានខាងព្រលឹងវិញ្ញាណ) សម្រាប់ការកសាងរូបកាយរបស់ព្រះគ្រិស្ត។ (អេភេសូ៤:៣០ ១កូរិនថូស៦:១៩, ១២: ៤, ៧, ១២-១៣, កិច្ចការ១:៥ ទីតុស៣:៥)
៤. សេចក្តីពិត គឺមានភាពដាច់ខាត និងមិនលំអៀង។ សេចក្ដីពិតនៃការប្រោសលោះត្រូវបានរៀបរាប់នៅក្នុងបទគម្ពីរនៃគម្ពីរសញ្ញាចាស់ និងគម្ពីរសញ្ញាថ្មីដែលជាការបើកសំដែងរបស់ព្រះជាម្ចាស់ដោយត្រូវបានសរសេរជាលាយលក្ខណ៍អក្សរដោយមនុស្សទៅកាន់មនុស្ស គ្រប់ពាក្យសុទ្ធតែមានការបណ្តាលចិត្តពីព្រះវិញ្ញាណបរិសុទ្ធ និងឥតមានកំហុសនៅក្នុងចំណុចណាមួយឡើយនៅក្នុងក្រាំងជាភាសាដើម។ ព្រះគម្ពីរ គឺជាអំណាចចុងក្រោយ និងខ្ពស់បំផុតនៅក្នុងគ្រប់ទាំងបញ្ហានៃសេចក្ដីជំនឿ និងការអនុវត្ត។ (ម៉ាថាយ៥:១៨, ២ធីម៉ូថេ៣:១៥-១៧, ២ពេត្រុស១:២០-២១)
៥. ក្រុមជំនុំគឺជា រូបកាយរបស់ព្រះគ្រិស្តដែលរួមគ្នាមកតែមួយនៅលើផែនដីដែលមាននៅ សម្រាប់ការរួមប្រកបគ្នា ការកសាងគ្នា និងសម្រាប់ការទំនាក់ទំនងផ្សព្វផ្សាយដំណឹងល្អដល់គ្រប់ជាតិសាសន៍ទាំងអស់តាមរយៈមធ្យោបាយនៃជីវិតជាគ្រិស្តបរិស័ទ និងការធ្វើជាស្មរបន្ទាល់។ (ម៉ាថាយ២៨:១៩-២០ កិច្ចការ ១:៦-៨, ២:៤១-៤២, ១កូរិនថូស១២:១៣)
៦. មនុស្សត្រូវបានបង្កើតឡើងឲ្យមានលក្ខណៈដូចជាព្រះ ប៉ុន្ដែតាមរយៈអំពើបាបរបស់អ័ដាម បាបបានពង្រាត់គេចេញពីព្រះ និងគេត្រូវបានផ្ដន្ទាទោសដោយទទួលទណ្ឌកម្មដ៏អស់កល្បជានិច្ច។ មធ្យោបាយដោះស្រាយតែមួយគត់សម្រាប់ស្ថានភាពរបស់មនុស្ស គឺអាចទទួលសេចក្ដីសង្រ្គោះបានដោយសារជំនឿផ្ទាល់ខ្លួន លើការយកនិស្ស័យជាមនុស្ស និងកិច្ចការរបស់ព្រះយេស៊ូគ្រិស្ត។ (យ៉ូហាន ៣:១៥-១៨, អេភេសូ ១:៧, រ៉ូម ១០:៩-១០)
៧. បុគ្គលដែលមានជីវិតដោយនិស្ស័យហួសពីធម្មជាតិសុទ្ធតែមានដែនកំណត់ រាប់បញ្ចូលទាំងពួកទេវតាដែលមិនបានធ្លាក់ចុះ ពួកទេវតាដែលបានធ្លាក់ចុះ និងពួកអារក្ស។ សាតាំងដែលជាមេដឹកនាំនៃពួកទេវតាដែលបានធ្លាក់ចុះ គឺជាសត្រូវដោយបើកចំហ និងត្រូវបានប្រកាសថាជាសត្រូវរបស់ព្រះ និងមនុស្សហើយនឹងត្រូវវិនាសនៅក្នុងបឹងភ្លើង។ (ហេព្រើរ១:៤-១៤,យូដាស៦,ម៉ាថាយ២៥:៤១,វិវរណៈ២០:១០)
៨. រូបកាយខាងសាច់ឈាមនឹងមានការរស់ឡើងវិញ ទាំងអ្នកដែលបានសង្រ្គោះ និងអ្នកដែលត្រូវ វិនាស។ ពួកអ្នកដែលបានសង្រ្គោះនឹងទទួលបានជីវិតអស់កល្បជានិច្ច ហើយអស់អ្នកដែលត្រូវវិនាសនឹងទទួលការផ្ដន្ទាទោសអស់កល្បជានិច្ច។ (១កូរិនថូស១៥, ដានីយ៉ែល១២:១-២, យ៉ូហាន៥:២៨-២៩, ១ថែស្សាឡូនីច១:១, ម៉ាថាយ៥:១-១០)